លូយមែន បាញ់ ៥គ្រាប់ មួយគ្រាប់មួយពាន់ដុល្លា ! លោក​ ឌួង​ ណាគ្រី​ គ្មាន​ជាប់​បទ​ ព្រហ្មទណ្ឌ​ទេ​ត្រឹម​ពិន័យ​កងកម្លាំង​ប៉ុណ្ណោះ​ ។

161



​វរសេនីយ៍ទោ​ ឌួង​ ណាគ្រី​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​នាយកដ្ឋាន​តម្រួត​បទបញ្ជា​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ដេីម្បី​ពិន័យ​កងកម្លាំង​ កាលពី​ល្ងាច​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ ពាក់ព័ន្ធ​ការ​បាញ់​៥គ្រាប់​ បណ្តាល​ឱ្យ​បែក​កញ្ចក់​រថយន្ត​ ក្នុង​បំណង​ប៉ុនប៉ង​ឃាតកម្ម​ កាលពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នៅ​ខណ្ឌ​ច្បារ​អំពៅ​ ។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ បញ្ជាក់​ថា​ ការ​សម្រេច​បែប​នេះ​ បន្ទាប់ពី​ជនរងគ្រោះ​យល់​ព្រម​សម្របសម្រួល​ជាមួយ​ជនបង្ក​ ដោយ​ទទួល​សំណង​ចំនួន​៥ពាន់​ដុល្លារ​អាមេរិក​ ។

ទោះបី​យ៉ាងណា​ លោក​ អេង​ សោភា​ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ពុំ​ទាន់​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នៅ​ឡើយទេ​ ដោយសារ​ទូរស័ព្ទ​ចូល​ តែ​ថា​ជាប់​រវល់​ប្រជុំ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះ​ ។

សូម​បញ្ជាក់​ថា​ ជនបង្ក​ដែល​បាញ់​៥គ្រាប់​បណ្ដាល​បែក​កញ្ចក់​ឡាន​ ក្នុង​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​ គឺ​ លោក​វរសេនីយ៍ទោ​ ឌួង ណាគ្រី​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ។ ចំណែក​ជនរងគ្រោះ​ ឈ្មោះ​ ភូ​រិស្ស​ ស្តូរ៉ា់​ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ CPS ។

លោក​ ម៉ៅ​ សឿត​ អធិការ​រង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ថ្លែង​ប្រាប់​ថា​ នគរបាល​បានបញ្ជូន​សំណុំ​រឿង​និង​ជនបង្ក​ ទៅ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដេីម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ជនរងគ្រោះ​ ភូ​រិស្ស​ ស្តូរ៉ា់​ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ CPS​ ថ្លែង​ប្រាប់​ដែរថា​ លោក​ពុំ​ដែល​ស្គាល់​ ឬ​ ធ្លាប់​មាន​ទំនាស់​ជាមួយ​ជនបង្ក​នោះទេ​ ។ ប៉ុន្តែ​នៅ​យប់​កេីត​ហេតុ​ គឺ​ ជនបង្ក​មាន​លក្ខណៈ​ស្រវឹង​ជោកជាំ​ ទេីប​ឈាន​ដល់​ការ​បាញ់​បំបែក​កញ្ចក់​ឡាន​របស់​លោក​ ។ ពេល​នេះ​ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ហើយ​ ដេីម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ទៅ​លេី​ជនបង្ក​រូប​នេះ​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ ថ្លែង​ប្រាប់​ថា​ បន្ទាប់ពី​ហេតុការណ៍​បាញ់​ប្រហារ​កេីត​ឡើង​កាលពី​វេលា​ម៉ោង​០០៖៥៥នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៣៦៣កែង​ផ្លូវ​៦៤៨​ ភូមិ​ព្រែក​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ គឺ​ មាន​អន្តរាគមន៍​ជាច្រើន​ពី​មន្ត្រី​គ្រាក់ៗ​ឱ្យ​មាន​ការ​សម្របសម្រួល​គ្នា​ ។ ប៉ុន្តែ​ដោយសារ​ជនរងគ្រោះ​មិន​ព្រម​ទេីប​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​ ឃាត់ខ្លួន​ជនបង្ក​តែម្តង​ ។

បុរស​រងគ្រោះ​ បាន​ឱ្យ​ដឹងថា​ មុនពេលកើតហេតុរូប គាត់និងប្រពន្ធបានបើករថយន្តម៉ាក RANGE ROVER ពណ៌កណ្ដុរ ប្រមេះ ពាក់​ផ្លាក​លេខ ភ្នំពេញ2U- 4448 ចេញពីហូបអី នៅម្ដុំផ្សារដើមគរ ហើយក៏ត្រឡប់មកផ្ទះវិញ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ខណៈរូបគាត់បើករថយន្តមកដល់មុខអតីតក្លឹបកម្សាន្តរ៉ុក ក៏ស្រាប់តែមានជនបង្ក២នាក់ បើករថយន្តមួយគ្រឿងម៉ាកLEXUS RX330 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-5153 មកពីក្រោយ ហើយចុចស៊ីផ្លេយ៉ាងរន្ធើន ដាក់រូបគាត់ទើបរូបគាត់បន្ថយល្បឿន ឈប់ចុះមកសួរ ថាមានរឿងអី? រីឯជនបង្កឆ្លើយថាអញចាប់ហ្អែង..! រួចជនរងគ្រោះក៏ឆ្លើយតបវិញថា ខ្ញុំខុសអី? ។

ប្រភព​ព័ត៌មាន​បន្តថា បន្ទាប់មកជនរងគ្រោះពីរនាក់ប្តីប្រពន្ធក៏ឡើងលើរថយន្ត បើកចេញទៅទើបជនបង្ក បានបើកតាមពីក្រោយហើយមកគៀក ឲ្យជនរងគ្រោះ បើករថយន្តមកអធិការខណ្ឌច្បារអំពៅ រីឯជនរងគ្រោះ ក៏សុខចិត្តបើករថយន្តមកមុន ខណៈជិតដល់របងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាប់តែជនបង្ក បើករថយន្តមកកាក់ពីមុខជនរងគ្រោះ ទើបជនរងគ្រោះ បើកថយក្រោយបត់ក្បាល រថយន្តចេញក៏ស្រាប់តែជនបង្កម្នាក់ ចុះមកបាញ់ប្រហារទៅលើជនរងគ្រោះ ចំកញ្ចក់ពីក្រោយរថយន្ត RANGE ROVER ចំនួន៥គ្រាប់ ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយ និងបណ្ដាលឲ្យស្ត្រីជាប្រពន្ធ ភ័យស្លន់ស្លោ រហូតដល់សន្លប់បាត់ស្មារតី រួចហើយជនបង្កក៏បានបើករថយន្តចេញពីកន្លែងកើតហេតុ មួយភ្លេតក៏ត្រឡប់មកវិញ ។

ភ្លាមៗនោះដែរ ដោយទីតាំងកើតហេតុក្បែរ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើបធ្វើឲ្យសមត្ថកិច្ចចេញមកអន្តរាគមន៍នាំខ្លួនជនបង្កទាំង២នាក់ ចូលទៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសួរនាំតែម្ដង។

ចំណែកស្ត្រីរងគ្រោះ ដែលសន្លប់ស្មារតី ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន​ទៅមន្ទីពេទ្យឯកជន។ រីឯបុរសរងគ្រោះ ក៏បានមកដាក់ពា្យបណ្ដឹងទៅលើជនបង្កទាំង២នាក់ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឲ្យសមត្ថកិច្ចជំនាញចាត់ការ តាមនីតិវិធីច្បាប់​ ។

មាត្រា​២៧នៃ​ក្រម​ព្រហ្មទណ្ឌ​ ចែងថា”ការ​ប៉ុនប៉ង​ក្នុង​បទ​ឧក្រិដ្ឋ​ ឬ​ ក្នុង​ករណី​ដែល​ច្បាប់​បាន​ចែង​ទុក​ក្នុង​បទ​មជ្ឈិម​ អាច​ត្រូវ​ផ្តន្ទា​ទោស​បាន​ កាលណា​លក្ខខណ្ឌ​ខាង​ក្រោម​នេះ​ ត្រូវ​បាន​បំពេញ​ ៖

-ចារី​បាន​ចាប់ផ្ដើម​អនុវត្ត​បទល្មើស​ មាន​ន័យ​ថា​ ចារី​បាន​ប្រព្រឹត្ត​អំពើ​ដែល​មាន​គោលបំណង​ដោយ​ផ្ទាល់​ដេីម្បី​ប្រព្រឹត្ត​បទល្មើស​ និង​ ចារី​មិន​បាន​បញ្ឈប់​អំពើ​របស់​ខ្លូន​ទៅ​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​ តែ​ត្រូវ​បាន​រាំងស្ទះ​ ឬ​ អាក់ខាន​ ដោយ​ឥទ្ធិពល​នៃ​កាលៈទេសៈ​ក្រៅ​ឆន្ទៈ​របស់​ខ្លូន​ ។

អំពើ​ត្រៀម​បម្រុង​ដែល​ពុំ​មាន​គោលបំណង​ដោយ​ផ្ទាល់​ ដេីម្បី​ប្រព្រឹត្ត​បទល្មើស​ មិនមែន​ជា​ការ​ចាប់ផ្ដើម​អនុវត្ត​ទេ​ ។ ការ​ប៉ុនប៉ង​ក្នុង​បទ​លហុ​ ពុំ​ទទួល​ការ​ផ្តន្ទា​ទោស​ទេ​”។

មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ចែង​ថា”អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ ដោយ​ប្រេី​អាវុធ​ ឬ​ មិន​ប្រើ​អាវុធ​ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បាន​កំណត់​ក្នុង​មាត្រា​២០០(បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​)ដល់​មាត្រា​២០៥(បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​)នៃ​ក្រម​នេះ​ គឺ​ ជា​ឃាតកម្ម​ ។

ឃាតកម្ម​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ៕