អត្ដពលិកឈ្នះមេដាយនៅ Asian Games នឹងចូលជួបសម្ដេច អមជាមួយក្បួនម៉ូតូធំ

126

ភ្នំពេញ៖ កីឡាករ កីឡាការិនី ដែលជាអត្ដពលិកកម្ពុជា អាចដណ្ដើមបានមេដាយក្នុងព្រឹត្ដិការណ៍ការប្រកួតកីឡាទ្វីបអាស៊ី ដែលរៀបចំឡើងនៅប្រទេសឥណ្ឌួនេស៊ី នឹងចូលជួបសម្ដែងការគួរសម ព្រមទាំងទទួលរង្វាន់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព នៅថៃ្ងទី៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៥:៣០នាទីល្ងាច។

បើតាមប្រភពសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា អត្ដពលិកដែលឈ្នះមេដាយក្នុងព្រឹត្ដិការណ៍កីឡាធំជាងគេនៅទ្វីបអាស៊ីនេះ នឹងទទួលបានការស្វាគមន៍យ៉ាងមានកត្ដិយស ពោលគឺនឹងមានក្បួនហែម៉ូតូធំ (ម៉ូតូប៉ូលិសចំនួន ៦គ្រឿង) ដង្ហែរពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាពដើម្បីជួបសម្ដេច ហ៊ុន សែន។

គិតត្រឹមពេលនេះ អត្ដពលិករបស់កម្ពុជាដែលឈ្នះមេដាយក្នុងព្រឹត្ដិការណ៍ខាងលើ គឺមានចំនួន២រូប គឺកីឡាការិនីជឺជិតស៊ូ Jessa Khan ឈ្នះមេដាយមាស និងកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ១ គ្រឿង និងសំរឹទ្ធ១គ្រឿង។

សម្រាប់ប្រាក់រង្វាន់វិញ គឺមេដាយមាសទទួលបាន ៨០លានរៀល មេដាយប្រាក់ ៤០លានរៀល និងមេដាយសំរឹទ្ធ ២៤លានរៀល៕