សមាជិក​ម្នាក់​មក​ពី​អង្គភាព​កង​ទ័ព​ជើង​ទឹក​ថៃ SEAL ដែល​កំពុង​ធ្វើ​ការ​សង្គ្រោះ​ក្រុម​ក្មេង​ប្រុស​ជាប់​ក្នុង​ល្អាង​ភ្នំ​បាន​ស្លាប់​ដោយ​សារ​ខ្វះ​អុក​ស៊ី​សែន​​

2676

ថៃ៖ ក្រុម​អាជ្ញាធរ​ថៃ​និយាយ​ថា សមាជិក​ម្នាក់​មកពី​អង្គភាព​កងទ័ពជើងទឹក​ថៃ SEAL ដែល​កំពុង​ធ្វើ​ការ​សង្គ្រោះ​ក្រុម​ក្មេង​ប្រុស​ជាប់​ក្នុង​ល្អាង​ភ្នំ ​បាន​បាត់បង់​ជីវិតដោយសារ​ខ្វះ​អុក​ស៊ី​សែន ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​បង្រៀន​ ក្រុម​ក្មេង​ប្រុស​ទាំងនោះ​ឲ្យ​ចេះ​ហែល​ និង​មុជទឹក​។

​អ្នក​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែកក្កដា បាន​បញ្ជូន​សម្ភារៈ​ដែល​រួមមាន​អាវ​សង្គ្រោះចូល ​និង​ចេញពី​ល្អាង​ភ្នំ​ដែល​ទឹក​ជន់​លិច​របស់​ប្រទេស​ថៃ ជាទី​ដែល​ក្មេង​ប្រុស 12នាក់​ និង​គ្រូ​បង្វឹក​បាល់ទាត់​របស់​ពួកគេ​ ត្រូវ​បាន​ជាប់​នៅ​ចម្ងាយ​ប្រហែល 4គីឡូម៉ែត្រ​ពី​មាត់​ល្អាង​។​ ក្រុម​កីឡា​បាល់ទាត់​វ័យ​ជំទង់បាន​បាត់​ខ្លួន​នៅ​ក្នុង​ល្អាង​ នាភាគ​ខាងជើង​ខេត្ត Chiang Rai កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ​និង​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​មុជទឹក​អង់គ្លេស ​និង​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ ដោយ​ពួកគេ​នៅ​ប្រមូលផ្ដុំ​គ្នា ​លើ​ច្រាំង​ថ្ម​តូច​មួយ​ក្នុង​រូងភ្នំ​លិច​ទឹក​។​ បច្ចុប្បន្ន​ក្រុម​អ្នក​សង្គ្រោះ​កំពុង​រិះរក​មធ្យោបាយ និង​ពេលណា​ដែល​ត្រូវ​នាំ​ក្មេង​ទាំងនោះ​ចេញ​មក​បាន​។

​ក្រុម​កីឡាករ​បាល់ទាត់​វ័យក្មេង​ ដែល​កំពុង​ជាប់​ក្នុង​ល្អាង​ភ្នំនៅ​ប្រទេស​ថៃ​ភាគ​ខាងជើង រយៈពេល ១១​ថ្ងៃ​កាល​ពី​ថ្ងៃ​ពុធបាន​ចាប់ផ្ដើម​រៀន​ហែល​ទឹក និង​មុជទឹក ដើម្បី​ត្រៀម​សម្រាប់​ការ​ជួយ​សង្គ្រោះ​របស់​ពួកគេ​។​ បើ​ទោះ​ជា​អាកាសធាតុ​ហួតហែង​រយៈពេល​ ៤​ថ្ងៃ​យ៉ាងណាក្ដី មន្ទីរ​ឧតុនិយម​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផ្ទៃដី​៦០%​ នៃ​ប្រទេស​ថៃ​ភាគ​ខាងជើងរួម​ទាំង​ខេត្ត Chiang Rai ផង អាច​រំពឹង​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់ពីថ្ងៃ​ទី​៧ ​ដល់​ថ្ងៃ​ទី​១២ កក្កដា​នេះ។​ មន្ត្រី​មួយ​ចំនួន​និយាយ​ថា​​ ក្មេង​ប្រុស​ទាំងនោះ​អាចចេញ​មក​បាន​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ថ្ងៃ​ បើ​កត្តា​អាកាសធាតុ​អំណោយផល​ដល់​ពួកគេ ហើយ​ទឹក​ល្មម​អាច​ត្រូវ​បាន​បូម​ចេញ​ពី​​រូង​ ដើម្បី​ឱ្យ​ក្មេងៗ​អាច​ចេញ​តាម​ច្រកដែល​ពួកគេ​បាន​ចូល ​មុន​ពេល​ភ្លៀង​ធ្លាក់​ខ្លាំងមក​លើ​តំបន់​នេះ ដោយ​ត្រូវ​ដើរ​លើ​ផ្លូវ​រូង​ក្នុង​ដី​កាត់​ភក់​ល្បាប់ និង​ត្រូវ​ទឹក​ផង​។

​ក្មេង​ប្រុស​ក៏​អាច​ត្រូវ​បាន​បង្រៀន​ឱ្យ​ចេះ ​ប្រើ​ឧបករណ៍​ដកដង្ហើម​នៅ​ពេល​មុជ​ចុះទៅ​ក្នុង​ទឹក​ ដើម្បី​ឱ្យ​ពួកគេ​អាច​មុជទឹក​ឆ្លងកាត់​តាម​ផ្លូវ​ក្រោម​ដី​ដែល​លិច​ទឹក ​តាមរបៀប​ដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​របស់​ពួកគេ ​បាន​ទៅដល់​កន្លែង​ពួកគេ​នៅ​។ លទ្ធភាព​មួយទៀត​ គឺ​ពួកគេ​ត្រូវ​បន្ត​ស្នាក់នៅរហូតដល់​ទឹកជំនន់​ស្រក ​ប៉ុន្តែ​អាច​ថា​នៅ​ដំណាច់​រដូវវស្សា​ក្នុង​រយៈពេល​ប្រហែល 4ខែ​។​ លទ្ធភាព​ទី​4 គឺ​ត្រូវ​ស្វែងរក​មធ្យោបាយ​ផ្សេង​ នៅ​ក្នុង​រូង​ក្រោម​ដី​ដែល​ពួកគេ​កំពុង​ជាប់​៕